ព័ត៌មានជាតិ

ចតរថយន្តFord Rangerរបស់ក្រុមហ៊ុនវីក្រូ តាមផ្លូវជាង២ខែ លុះខាងនគរបាលស្ទូចយកទៅដាក់នៅប៉ុស្តិ៍១អាទិត្យ ទើបមានម្ចាស់ទៅរក

ភ្នំពេញៈ រថយន្តម៉ាកFord Ranger ១គ្រឿង ដែលជារបស់ក្រុមហ៊ុនវីក្រូបានចតចោលនៅតាមផ្លូវជាង២ខែកន្លងមកហើយ ហើយដោយសារតែខ្លាចមានបញ្ហាអាក្រក់ ត្រូវបានប្រជាពលរដ្ឋដែលប្រទះឃើញរាយការណ៍ជូននគរបាលឲ្យចុះពិនិត្យមើលនិងស្ទូចយករថយន្តនេះទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍កាកាប២ លុះដល់វេលាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ទើបឃើញបុគ្គលិកក្រុមហ៊ុនវីក្រូ នោះទៅទំនាក់ទំនងសុំយករថយន្តវិញព្រមទាំងអះអាងថាទើបតែបាត់រថយន្តនេះរយៈពេល៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ។

នគរបាលបាននិយាយថារថយន្តខាងលើនោះម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-3684 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីក្រូ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតទុកចោលនៅតាមផ្លូវមួយកន្លែង ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជាង២ខែមកហើយ។ ខណៈនោះពួកគាត់មានការសង្ស័យយ៉ាងខ្លាំងក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាប២ឲ្យចុះទៅពិនិត្យមើលនិងស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍កាលពី១អាទិត្យមុន។ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់និងមូលហេតុនៃការយករថយន្តទៅចតចោលបែបនេះ ប៉ុន្តែខណៈនោះរកម្ចាស់មិនឃើញឡើយ។

ប្រភពដដែលបន្តទៀតថា លុះដល់វេលាព្រឹកថ្ងៃទី១៤ ខែសីហា ទើបមានស្ត្រី២នាក់ដែលជាបុគ្គលិកក្រុមហ៊ុនវីក្រូ ទៅមើលនិងអះអាងថាជារថយន្តរបស់ក្រុមហ៊ុនខ្លួនដែលទើបតែបាត់រយះពេល៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ។ដោយមិនដឹងថាមូលហេតុអ្វីទើបបានជាអ្នកបើកបរបើកយករថយន្តទៅចតចោលទីនោះទេ ព្រោះពួកនាងដែលជាបុគ្គលិកក្រុមហ៊ុនទាំង២នាក់ ក៏មិនបានដឹងពីមូលហេតុនេះដែរ ។បន្ទាប់មកពួកនាងបានសុំយករថយន្តទៅវិញ ប៉ុន្តែនគរបាលឲ្យយកឯកសារពាក់ព័ន្ធនិងរថយន្តឲ្យបានគ្រប់គ្រាន់សិនទើបប្រគល់ជូនរថយន្តនេះវិញ៕

មតិយោបល់