ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុនពន្លឺអង្គរខ្មែរ ដឹកអ្នកដំណើរ បុកឡើងលើសួនបុកបង្គោលភ្លើងនិងខឿន រងការខូចខាតជាច្រើនកង់

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយធុនធំ ប្រភេទរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ដឹកអ្នកដំណើរ សង្ស័យតៃកុងងោកមួយភាំងរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងនិងដើមឈើ រងការខូចខាតរបស់សម្បត្តិរដ្ឋយ៉ាងខ្លាំង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មុខសាលាបឋមសិក្សាឫស្សីកែវ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ធុនធំ ជាប្រភេទរថយន្តក្រុង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7019 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកអ្នកដំណើរ បើកចេញពីប៉ោយប៉ែតមកតាំងពីម៉ោង ៤ល្ងាច លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតៃកុងរថយន្តងោកមួយភាំង ក៏ជ្រុលចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងកំពិតអស់មួយដើម កិនដើមឈើនិងសួនខឿនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ។ រថយន្តខ្ទេចផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អដែរមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ តៃកុងរថយន្តនិងព្រូរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ហើយក៏សមត្ថកិច្ចចុះមកដល់វាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់