បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតឈុតបុរាណរបស់«គ្រួសារតារាកម្ពុជា» កក្រើកស្រទាប់មហាជន អ្នកនាង ព្រំ រដ្ឋា ក៏បានសម្រេចចិត្តបោះទុនផលិតសកម្មភាពរំលេចឈុតបុរាណនេះឡើងវិញ ដោយអ្នកនាងបានទាំងយកឈុតនេះដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគថ្មីរបស់ខ្លួន តាមលំនាំដែលបានធ្វើឡើងរបស់គ្រួសារតារាកម្ពុជានោះផង។ អ្នកនាងប្រកាសថាសាច់រឿងរបស់ខ្លួនមិនមានការរំលេចនូវឈុតបុរាណនេះទេ ប៉ុន្តែដោយសារតែការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជាបានធ្វើអោយអ្នកនាងនឹកស្រម៉ៃ ទើបអ្នកនាងស្នើអោយម្ចាស់ឈុតល្អៗ ដែលធ្លាប់លើកពាននៅក្នុងព្រឹត្តិការណ៍នោះមួយចំនួន បង្ហាញខ្លួនក្នុងវេទិកាជាថ្មី។
អ្នកនាងព្រំ រដ្ឋា ម្ចាស់ផលិតកម្មPR បានថ្លែងបញ្ជាក់ថា ក្នុងរឿង«ភរិយាឥតខាន់ស្លា»ដែលផលិតកម្មអ្នកនាងដំណើរការថត គឺមានឈុតតម្រូវអោយតួអង្គប្រុសស្រី ដែលជាតួអង្គសំខាន់ក្នុងរឿងដើរបង្ហាញម៉ូដក្នុងឈុតរាត្រីសមោស និងឈុតសំលៀកបំពាក់ស្អាតៗរំលេចសាច់រឿងប៉ុណ្ណោះ ប៉ុន្តែដោយសារតែអ្នកនាងនឹកស្ដាយព្រឹត្តិការណ៍បង្អួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ដែលបានកក្រើកស្រទាប់មហាជន ទើបអ្នកនាងសម្រេចកែប្រែឈុតឆាកបង្ហាញម៉ូដធម្មតាដែលបាននិពន្ធឡើងនោះ អោយក្លាយជាប្លង់បង្ហាញឈុតបុរាណប្លែកៗជាជំនួសវិញ។
អ្នកនាងបានសម្រេចចិត្តធ្វើការសហការជាមួយអ្នកឌីហ្សាញឈុតបុរាណ៣រូប រួមមាន ឈុតរបស់លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មរបស់ទូរទស្សន៍អប្សរា ឈុតរបស់កញ្ញា រំដួលលិចទឹក និងឈុតរបស់ លោក ឯម រៀម យកមកអោយតារាៗសំខាន់ក្នុងរឿង ដើម្បីអោយតួទាំងនោះស្លៀកបង្អួត។ អ្នកនាងថាខ្លួនសុខចិត្តបោះទុនរៀបចំទីតាំង និងរៀបចំតួអោយមកសម្ដែងយ៉ាងច្រើនកុះករ ស្រដៀងគ្នានឹងព្រឹត្តិការណ៍របស់គ្រួសារតារាកម្ពុជាកន្លងទៅតែម្ដង ដើម្បីទទួលបានឈុតឆាកបង្អួតឈុតល្អៗរបស់អ្នកឌីហ្សាញទាំង៣រូបនោះ ទុកជាឯកសារផង។
អ្នកនាងព្រំ រដ្ឋា បញ្ជាក់ថា ខ្លួនមានបំណងតែមួយគត់ គឺចង់រំលេចឈុតដែលធ្លាប់លើកពានកាលពីពេលគ្រួសារតារាកម្ពុជាប្រកួតប្រជែង និងចង់បង្ហាញអោយឈុតទាំងនោះបានដក់ជាប់ក្នុងភាពយន្តរឿង«ភរិយាឥតខាន់ស្លា» ដែលអ្នកនាងត្រៀមដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្ដិ៍បាយ័ន ទើបអ្នកនាងសម្រេចចិត្តកែសាច់រឿង និងចំណាយលុយធ្វើទម្រង់បង្ហាញឈុតបុរាណនោះតែម្ដង។
អ្នកនាងថាសប្បាយចិត្តដែលបានម្ចាស់ឈុតទាំង៣ផ្ដល់ឈុតល្អៗដែលធ្លាប់លើកពានអោយតួសម្ដែងរបស់ខ្លួនបានគ្រង ដោយតារាសម្ដែង កញ្ញា រំដួលលិចទឹក និង លោក រុន ណាកូ ដែលជាអ្នកគ្រងពានរបស់គ្រួសារតារាកម្ពុជា ក៏បានចូលរួមសម្ដែងដោយផ្ទាល់ផង។ អ្នកនាងថាមួយប្លង់ដែលបានចំណាយនេះ គឺប្លង់ធំក្នុងរឿងដោយក្រៅពីត្រូវចំណាយច្រើន ក៏ត្រូវប្រើតួសម្ដែងដល់ខ្ទង់រយនាក់ផងដែរ ខណៈដែលតួល្បីៗក៏ត្រូវផលិតកម្មយកមកសម្ដែងមួយចំនួនធំ។
យ៉ាងណាមិញ អ្នកនាងថា បើឈុតមួយប្លង់នេះ មិនបានរួមចំណែកពីម្ចាស់ឈុតទាំង៣រូប និងតារាសិល្បៈរបស់គ្រួសារតារាកម្ពុជានោះទេ គឺប្រហែលផលិតឈុតនោះមិនបានឡើយ។
នៅក្នុងការថតមួយប្លង់នោះ គេឃើញអ្នកនាងតម្រូវអោយតួរបស់គ្រួសារតារាកម្ពុជា និងតារាៗដែលតួអង្គនៅក្នុងផ្ទៃរឿងគ្រងឈុតបុរាណ ដោយទម្រង់នៃការផលិតឈុតនោះ គឺយកតាមលំនាំការបង្អួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ដោយគ្រាន់តែមិនមានការប្រកាសពាន។ មួយប្លង់នេះ ត្រូវគេឃើញចំណាយពេលថតតាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១១យប់ ទម្រាំតែអាចទទួលយកបាន។ ប៉ុន្តែគេកត់សម្គាល់ថាមួយឈុតនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងរំលេចស្នាដៃរបស់លោក នូ សុភេន របស់កញ្ញា រំដួលលិចទឹក និងរបស់លោកឯម រៀម ជាពិសេសគឺលើកកម្ពស់សំលៀកបំពាក់បុរាណខ្មែរតែម្ដង ដែលធ្វើអោយភាពយន្តរឿង«ភរិយាឥតខាន់ស្លា»មានឈុតទាក់ទាញដែលមិនខុសពីវីដេអូឯកសារក្នុងព្រឹត្តិការណ៍«គ្រួសារតារាកម្ពុជា»។
មតិយោបល់