ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមពរដល់លោកអភិបាលខណ្ឌចំការមន មេត្តាជួយមើលនៅមុខមន្ទីរពេទ្យរុស្ស៊ីផង ស្ទះដល់.កហើយ រាល់ល្ងាចហ្មង!

ភ្នំពេញ: ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២៧១ ជាពិសេសនៅចំណុចនៅមុខមន្ទីរពេទ្យរុស្ស៊ីតែម្តង គឺតែងតែជួបការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ជារៀងរាល់ថ្ងៃ បណ្តាលមកពីការចត លក់ដូរ ពីសំណាក់អ្នកលក់ចំណីអាហារផ្សេងៗ និងរ៉ឺម៉កកង់បី ជាដើម ដែលមួយចំនួនធំគិតតែផលប្រយោជន៍ខ្លួនឯង មិនបានគិតពីប្រយោជន៍រួម រហូតស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃគ្មានពេលស្រាកស្រាន្ត ទោះបីជាមានការរៀបចំសណ្តាប់ធ្នាប់នៅចំណុចនោះក៏ដោយ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានការផ្ទុះសារាយដោយពាក្យសម្តី រវាងសន្តិសុខខាងមន្ទីរពេទ្យរុស្ស៊ី បានប៉ះជាមួយនិងអ្នកលក់ដូរនៅមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយជជែកគ្នាយ៉ាងតឹងសសៃក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលចរាចរណ៍កំពុងកកស្ទះផងនោះ។

ក្នុងនោះដែរ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញថា សន្តិសុខសាលាខណ្ឌចម្ការមន បានចុះមករៀបចំសណ្តាប់ធ្នាប់ ដេញអ្នកលក់ដូរដែលគ្មានរបៀបរៀបរយ មិនឲ្យលក់នៅលើដងផ្លូវជាពិសេសនៅមុខមន្ទីរពេទ្យរុស្ស៊ីនោះទេ ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធិភាពទាល់តែសោះ យ៉ាងច្រើនគ្រាន់តែស្តាប់និងធ្វើតាមបានត្រឹមតែ២ទៅ៣ថ្ងៃ ប៉ុណ្ណោះ។ ទាំងអស់នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរមុខមន្ទីរពេទ្យរុស្ស៊ី ហាក់បីដូចជារិះគន់ទៅលើអាជ្ញាធរយ៉ាងចាស់ដៃ ដោយបានលើកហេតុផងថា មិនបានជួយរកទីតាំងលក់ដូរឲ្យពួកគាត់ឲ្យបានសមរម្យ ទើបជាហេតុបណ្តាលឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃបែបនេះ។ ដូច្នេះពួកគាត់បានសូមណូមពរដល់លោកអភិបាលខណ្ឌចម្ការមន មេត្តាជួយមើលនៅមុខមន្ទីរពេទ្យរុស្ស៊ីផង ៕

មតិយោបល់