កណ្ដាលៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅចំណុចផ្លូវជាតិលេខ ១១០ ស្ថិតនៅក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ។
សពជនរងគ្រោះឈ្មោះ ឆៃគ្រី ខុម ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ បានបើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0404 មានកញ្ចក់ អត់ពាក់មួក (ស្លាប់នៅកន្លែងកើតហេតុ ) បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (ច្បារអំពៅ-ព្រែកជ្រៃ ) ដោយមានឌុបអ្នករួមដំណើរម្នាក់ ឈ្មោះ ផេងខ្លេ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំជាមួយគ្នា មានពាក់មួកសុវត្តិភាពរងរបួសធ្ងន់ បានបើកប៉ះជាមួយម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 0526 អត់កញ្ចក់ អត់ពាក់មួក បើកបរស្របទិសគ្នា បត់ឆេ្វងចូលផ្ទះ អ្នកបើកបរឈ្មោះ ស៊ឹម ខន ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុរបួសធ្ងន់។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1GB-0526 បើកបត់ឆ្វេង មិនផ្តល់សញ្ញាឲ្យអ្នកបើកបរពីក្រោយបានដឹង ចំណែកអ្នកបើកបរម៉ូតូ ស៊េរី ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1Z 0404 បើកបរមានល្បឿនលឿន គ្រប់គ្រងល្បឿនមិនបាន គេចមិនផុត បានប៉ះដៃចង្លូតគ្នា ហើយទៅបុករបាំងថ្មទប់ដី បោកក្បាលស្លាប់តែម្ដងទៅ។
ករណីនេះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកមធ្យោបាយ ដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសាកសព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់