បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្មចំនួន៤នាក់ ខណៈពេលកំពុងធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយជាក់ស្តែង។
កិច្ចប្រតិបត្តិការនេះដែរ គឺបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៥និង៣០ នាទីល្ងាច នៅចំណុចក្រុម២៥ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ាង ហៀង ទើបឡើងកាន់តំណែងថ្មី។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ទី១. ហៀង សំអាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ទី២. ស៊ឹង វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ទី៣. ហ៊ី សុណារដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅចាក់អង្រែក្រោម ក្រុងភ្នំពេញ និងទី៤. ឈ្មោះ ឯល សំបូរ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កត់ទួលតាឯក។
ប្រភពបានបន្ដថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នៅទីតាំងផ្ទះរបស់ឈ្មោះ តិច ខេង ភេទស្រី អាយុ៥០ឆ្នាំ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង និងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៤ កញ្ចប់តូច ដាវសាំម៉ូរ៉ៃចំនួន៣ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួនថែមទៀត។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំយកទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីធ្វើការសាកសួរបន្ត៕
មតិយោបល់