ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តរឿងមិនគួរណាប្រពន្ធល្បួងឲ្យលក់ដីធ្លី នៅឯស្រុកបានលុយ ក៏វេចយកទៅបាត់ ហើយគ្មានលុយព្យាបាលជំងឺទឹកនោមផ្អែមនោះ ទើបសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួន ត្រូវបានអ្នកជិតខាងប្រទះឃើញសព កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា មាត់ត្រពាំង ក្រោយវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួមទាំងមានសរសេរបណ្តាំមួយសន្លឹក ដាក់លេខទូរស័ព្ទកូនៗ សម្រាប់ទុកឲ្យទំនាក់ទំនងផងដែរ។
ជនរងគ្រោះឈ្មោះ គឹម សុផល ភេទប្រុស ប្រុស អយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយ ទឹកនោមផ្អែម មានប្រពន្ធ ឈ្មោះ កែ សំអុល អាយុ ៥៨ ឆ្នាំ មុខរបរលក់ដូរ បានរត់គេចខ្លួនបាត់ និងមានកូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ តែរស់នៅបែកគ្នាអស់ហើយ។
ជនរងគ្រោះស្នាក់នៅបន្ទប់ជួល លេខ បេ១៨ នៅទីតាំងកើតហេតុ មានស្រុកកំណើត នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
តាមពលរដ្ឋនៅក្បែរខាង ក៏ដូចជាកូនចៅ បានឲ្យដឹងថា ជនរងគ្រោះ កាលពីកន្លះខែមុន បានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងរួចហើយ នៅក្នុងចេតិយវត្តអង្គតាមិញ តែមិនបានសម្រច ដោយអ្នកភូមិ ឃើញទាន់ ប្រាប់កូនចៅ ជួយសង្រ្គោះ ដឹកបញ្ជូនយកទៅមន្ទីរពេទ្យសង្រ្គោះអាយុជីវិត ដោយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ ខែតុលា នេះជនរងគ្រោះ បែរជាសម្រេចបញ្ចប់ជីវិតបែបនេះតែម្តង។
តាមអ្នកជិតខាងបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឃើញជនរងគ្រោះ រៀបចំឥវ៉ាន់របស់ប្រពន្ធ ដែលរត់គេចបាត់ទៅនោះ ចងទុកដាក់មួយកន្លែង និងមានសរសេរបណ្តាំ មួយសន្លឹក ដាក់លេខទូរស័ព្ទ កូនៗ សម្រាប់ឲ្យទំនាក់ទំនងទៀតផង តែគ្មានអ្នកណាចាប់អារម្មណ៍ រវល់តែការងាររៀងខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២៥ នេះ ប្រទះឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ នៅដើមអាកាស្យា ទើបផ្អើលឆឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។
សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យរួចឃើញថាពិតជាចង.កសម្លាប់ខ្លួនឯងមែន រួចប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់