សៀមរាបៈ កាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាច នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស (ឆក់កាបូប) ត្រង់ចំណុចផ្លូវឧកញ៉ាអ៊ុឆាយ មុខរូបសំណាក់គ្រុឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យខាងលើ៖
ទី១.ឈ្មោះ មឿន ប៉ាលីណាឃីម ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ទី២.ឈ្មោះ លន់ វលិស ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ទី៣.ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ មានភ្ញៀវជនជាតិអាល្លឺម៉ង់ម្នាក់ ភេទស្រី បានជិះកង់មកដល់ចំណុចផ្លូវឧកញ៉ាអ៊ុឆាយ មុខរូបសំណាកគ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ក៏ឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Hinda Beat ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បានធ្វើសកម្មភាពលូក និងឆក់កាបូបស្ពាយពណ៌ក្រហមលាយខ្មៅ ដែលភ្ញៀវទុកនៅកន្រ្ទកកង់ ហើយជិះគេចខ្លួនបាត់។
ជាក់ស្តែងនៅថ្ងៃខែឆ្នាំ ដដែល កម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការតាមបង្ក្រាប និងចាប់បានជនសង្ស័យទាំងបីនាក់ នៅចំណុចរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពប្រព្រឹត្ត ដូចអង្គហេតុខាងលើប្រាកដមែន៕
មតិយោបល់