ព្រៃវែងៈ យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ បានលង់ទឹករណ្តៅដីអាអ៊ិចកាចដីយកទៅធ្វើផ្លូវស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សពជនរងគ្រោះឈ្មោះ ហេង ប៉េត ភេទស្រី អាយុ៤៨ ឆ្នាំ នៅភូមិឃុំកើតហេតុ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះទៅមើលស្រូវនៅវាលស្រែ ត្រង់ចំណុចខាងលិចភូមិបឹងជ័រ ចម្ងាយ១៥០០ម៉ែត្រ រហូតដល់ម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃខែដដែលមិនឃើញត្រឡប់មកផ្ទះវិញ បន្ទាប់មកបងប្អូនកូនចៅបានទៅរកនៅចំណុចខាងលើ តែរកមិនឃើញក៏ត្រឡប់មកផ្ទះវិញ។
លុះដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ ទើបបងប្អូននាំគ្នាទៅរកម្ដងទៀតក៏បានឃើញស្បែកជើង១គូ នៅមាត់ស្រះទឹកមានដុះរំចង់ដែលជារណ្ដៅអាអ៊ិច ជីកដីមកធ្វើថ្នល់ ក៏បានចុះរាវក្នុងស្រះទឹកនោះ ទើបឃើញសពជនរងគ្រោះ ក៏បាននាំគ្នាយកមកផ្ទះ រួចរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ។
ដោយពិនិត្យរួច ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ សមត្ថកិច្ចបានសន្និដ្ឋានសព ពិតជាស្លាប់ដោយសារលង់ទឹកស្រះរណ្ដៅអាអ៊ិចពិតប្រាកដមែន ទើបប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់