ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ឆ្លងផ្លូវទៅបុកជាមួយម៉ូតូសេ១២៥ របួសធ្ងន់ម្នាក់បាក់ជើង

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តសាំយ៉ុង បើកឆ្លងផ្លូវទៅបុកម៉ូតូសេ១២៥ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវសាលាសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3102 បើកតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅឆ្វេងដៃ ស្របពេលដែលម៉ូតូ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-0124 បើកបរដោយឈ្មោះ ស៊ុន សុគីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលបើកល្បឿនលឿនពីជើងទៅត្បូង ជ្រុលទៅបុកចំពីមុខរថយន្ត បណ្តាលឲ្យគៀបជាប់ រងរបួសធ្ងន់បាក់ជើង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណែកឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់