ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះឃាត់ខ្លួនកម្មករចិននិងវៀតណាមជាង១០០នាក់ ក្នុងសង្កាត់ទួលស្វាយព្រៃ១

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោវេសន៍ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការ ចុះត្រួតពិនិត្យនិងឆែកឆេរការស្នាក់នៅ និងការប្រកបការងារ របស់ជនបរទេសនៅដែលកំពុងស្នាក់នៅ និងប្រការងារក្នុងប្រទេសកម្ពុជា រកឃើញជនជាតិចិន និងវៀតណាម សរុបទាំងអស់១០៨នាក់ យកមកធ្វើការសាកសួរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបខាងលើ បានឲ្យដឹងថា ប្រតិបត្តិការនេះដែរ មានការសម្របសម្រួល ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនិងនគរបាលគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ និងនគរបាលខណ្ឌចំការមនផងដែរ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លទ្ធផលក្នុងការចុះត្រួតពិនិត្យខាងលើនេះដែរ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើជនបរទេសចំនួន២សញ្ជាតិ រួមមានជនជាតិចិន ចំនួន៩០នាក់ និង១៨នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញថា ពួកគាត់បានលួចឆ្លងដែនខុសច្បាប់ ចូលមកស្នាក់នៅនិងប្រកបការងារក្នុងប្រទេសកម្ពុជាដោយពុំមានឯកសារត្រឹមត្រូវស្របតាមច្បាប់ប្រទេសកម្ពុជា។

ដូច្នេះហើយចំពោះជនជាតិចិននិងវៀតណាមទាំង១០៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជាបន្តទៀត៕

https://youtu.be/y9f3vHDh49I

មតិយោបល់