ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាទាក់ដៃចង្កូតដួលចូលរថយន្ត រងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ម៉ូតូDreamសង់សេ១២៥មួយគ្រឿង ជិះឌុបគ្នា៣នាក់ឪពុកនិងកូន មានទាំងកាន់ដែកស្នួលសម្រាប់វាលខោអាវផង រណេងរណោង គាប់ជួនក៏ទាក់ដៃ ប៉ះចង្កូតម៉ូតូផ្សេង ដួលខ្លួនឯងខ្ទាតទៅចូលរថយន្ត ឡិចស៊ីសកំពុងបើកច្រាសទិស បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ក្នុងនោះមានក្មេងស្រីអាយុទើប១ខួបផងដែរ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-2922 ជិះគ្នា៣នាក់ ឪពុក កូន ចៅស្រី មានទាំងកាន់ដែកស្នួលសម្រាប់វាលខោអាវផងដែរ រណេងរណោង ច្រង៉ែងច្រង៉ាង ធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ដែកស្នួលបានទៅប៉ះទក់នឹងម៉ូតូផ្សេងទៀត ហើយបានដួលគ្រវ៉ាត់ខ្ទាតចូលរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-0379 កំពុងបើកច្រាសទិសគ្នា បណ្តាលឲ្យឪពុករងរបួសធ្ងន់ កូននិងចៅស្រីរងរបួសស្រាល ។

ក្រោយកើតហេតុ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១ ទៅជួយអន្តរាគមន៍ សម្រួល ធ្វើចលនា ជនរងគ្រោះធូរស្រាលបន្តិច សុំមិនទៅពេទ្យវិញទេ ដោយទាមទារថ្លៃព្យាបាលរបួសចំនួន៥០ដុល្លារ ភាគីខាងរថយន្ត ក៏មិនតវ៉ាអ្វីដែរ ធ្វើម៉េចជួបគ្រោះទៅហើយ បានជូនលុយ២០ម៉ឺនរៀល ជនរងគ្រោះបែរជាមិនព្រម ទាមទារលុយ៥០ដុល្លារ ទាល់តែពលរដ្ឋនាំគ្នាស្តីថា ម្នាក់មួយមាត់ ៥០ដុល្លារ និង២០ម៉ឺនរៀល ដូចតែគ្នា តុល្យភាពគ្នាហ្នឹង ទើបជនរងគ្រោះសុខចិត្តទទួលយក បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់