ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានធ្វើការបង្ហាញមុខឃាតករដែលចាក់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ផ្លូវទន្លេសាប ក្រុមទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានចាក់សម្លាប់ប្រពន្ធខ្លួនឯងសម្លាប់យ៉ាងអាណោចអាធ័មនោះ នៅមិនទាន់សារភាពថា រូបគេជាឃាតករចាក់សម្លាប់ប្រពន្ធខ្លួនឯងនោះឡើយទេ តែបើតាមការស្រាវជ្រាវ និងវត្ថុតាងនៅកន្លែងកើតហេតុ គឺគ្រប់គ្រាន់អាចឲ្យសមត្ថកិច្ចដាក់បន្ទុកទៅលើជនសង្ស័យបានហើយ។
នៅរសៀលថ្ងៃនេះដែរ សមត្ថកិច្ចបានបញ្ជូនខ្លូនជនសង្ស័យដែលជាឃាតករនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តន៍ទោសតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួល ក្នុងសមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា ផ្លូវទន្លេសាប ក្រុមទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីប្តីចាក់សម្លាប់ប្រពន្ធខ្លួនឯងចំនួន១៦កាំបិត បានបណ្តាលឲ្យសម្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនប្រុសស្រី ២នាក់ឲ្យរស់នៅគ្មានម្តាយ។
ស្ត្រីរងគ្រោះ ដែលស្លាប់មានឈ្មោះ ទូលាស់ ម៉ៃយ៉ាន អាយុ២៨ឆ្នាំ មុខរបរ លក់ដូរ ជនជាតិ អ៊ីស្លាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកឯប្តីមានឈ្មោះ ប៉េ វ៉ាន់ស័ក្តិ អាយុ ៣៤ឆ្នាំ មុខរបរ ជាអ្នកកាប់គោ ពួកគេទាំង ២នាក់ មានកូន ២នាក់ (ប្រុស១ ស្រី១)។
ប្រភពព័ត៌មានពីបងថ្លៃឈ្មោះ អ៊ុត ស៊ីថា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បាននិងកំពុងដេកជាមួយកូន២នាក់ គឺកូនប្រុសឈ្មោះ សេត រ៉ូហ៊ាត អាយុ ៨ឆ្នាំ និងកូនស្រីឈ្មោះ លីហ្សា អាយុ៤ឆ្នាំ ស្រាប់តែ បុរសជាប្តីមិនដឹងមកពីណា បានយកកាំបិតកាប់ទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកស្ត្រីរងគ្រោះបានបើកទ្វាររត់ចេញពីក្នុងផ្ទះ ដើម្បីស្រែកឱ្យគេជួយ តែមិនបានប៉ុន្មានម៉ាត់ផង ក៏បានដាច់ខ្យល់ស្លាប់នៅមុខផ្ទះតែម្តង។
ប្រភពបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែស្ត្រីរងគ្រោះ បានរត់ចេញពីក្នុងផ្ទះ រួចក៏បានស្រែកហៅឲ្យគេជួយផងៗ បានបន្តិចក៏ដាច់ស្លាប់ ពេលនោះ បុរសជាប្តីបានចេញមកដែរ ដោយមកស្រែកយំ ហើយអោបសពប្រពន្ធរបស់ខ្លួន ។ ក្រោយមក ស្រាប់តែកូនប្រុសបានចេញមកថា ការពិតគេឃើញឪពុកជាអ្នកចាក់សម្លាប់ម្តាយរបស់គេ ហើយពេលនោះ សមត្ថកិច្ចក៏បានមកដល់ រួចឃាត់ខ្លួនសង្ស័យដែលត្រូវជាប្តីរូបនោះ ភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/ZXQdJRTtMPM
https://youtu.be/gKJpOb8-Zns
មតិយោបល់