កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយយុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកដើមឈើ បណ្ដាលឲ្យធ្លាក់ទៅក្នុងប្រឡាយទឹក ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះ ផល្លី ភារុន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានមុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកឡែត ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល1X.1722 តែម្នាក់ឯង (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិតានូ ឃុំ ស្អាងភ្នំ លុះជិះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមអំពិលទឹក បណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ទៅក្នុងទឹកប្រឡាយ ទាំងម៉ូតូ។
ក្រោយកើតហេតុប្រជាពលរដ្ឋនៅជិតនោះ ក៏បានចុះរាវ និងស្រង់ជនរងគ្រោះចេញពីក្នុងទឹកប្រឡាយ ឡើងមកលើគោក ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់