Post News Media ព័ត៌មានជាតិ សង្ស័យស្រវឹង!...

សង្ស័យស្រវឹង! រថយន្ត​ព្រូសស្លាកលេខ ​2AK-6952 ពន្លះ​ក្បាល​ព្រួញ​ចែក​ទ្រូង​ផ្លូវខ្ទេច រួចកាច់ស្លាកលេចេញ នាំសង្សារជិះកង់បីចេញបាត់

ភ្នំពេញ: ​បុរស​ម្នាក់សង្ស័យស្រវឹងបើកបរ​រថយន្ត​ព្រូស​មួយ​គ្រឿង ​រួមដំណើរជាមួយនារីម្នាក់ជាសង្សារ ដោយបោះពួយ​យ៉ាង​លឿន​ដូច​ហោះ​រួច​ក៏​ជ្រុល​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង​ កាលពីវេលា​ម៉ោង​២និង៤០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងមុខ​ផ្សារ​ហេង​លី​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​និងនារី​ម្នាក់បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតាព្រូស​ ពណ៌ស​ ពាក់ស្លាកលេខ ​2AK-6952 ដោយធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​២៧១​ ក្នុងទិស​ដៅ​បើកមកពី​ស្ពាន​អាកាស​៧មករា​ឆ្ពោះ​ទៅ​ស្តុប​ណូគា​ និងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្តខាងលើ​ក៏​ស្រាប់​រេចង្កូត​ទៅ​បុក​និង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្បាល​ព្រួញ​រងការ​ខូចខាត​បន្តិច​បន្តួច​។ ចំណែកឯ​រថយន្ត​រងការខូចខាត​ក្រពឹតកាង​និង​ដាច់ក្រឡេកង់ខាងមុខ​ចំហៀង​ខាងឆ្វេងទៅមុខលែងរួច​។

ក្រោយ​មក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​កាច់យកស្លាកលេខ​រថយន្តនិងនាំ​នារី​ជាង​សង្សារឡើងជិះ​ម៉ូតូ​កង់បី​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ​បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅនឹង​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕