ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងស្រះទឹក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ខាងក្រោយផ្ទះរបស់ឈ្មោះ សោម ម៉ៅ ភេទស្រី (ផ្ទះបិទទ្វារចោល) ស្ថិតនៅភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ ជឺម កុយ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឃើញជនរងគ្រោះកំពុងអង្គុយផឹកស្រាម្នាក់ឯងក្បែរមាត់ស្រះខាងលើ លុះព្រឹកឡើងមិនឃើញជនរងគ្រោះដើរមករកទិញស្រាផឹក (ជាទម្លាប់រៀងរាល់ព្រឹក) ក៏មានការសង្ស័យបាននាំគ្នាដើរទៅមើលស្រះទឹកក៏បានឃើញសាកសពរបស់ឈ្មោះខាងលើកំពុងអណ្តែតក្នុងស្រះ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មាន សមត្ថកិចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យនិងកោសល្យវិច្ច័យរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
មតិយោបល់