ព័ត៌មានជាតិ

អង្គុយជួសជុលរថយន្ត ស្រាប់តែរថយន្តមួយគ្រឿងទៀតបោលបុក ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរស២នាក់ ម្នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ម្នាក់រងរបួសបាក់ជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងអង្គុយជួសជុល ប្តូរកង់រថយន្តលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀតបើកមកបុកពីក្រោយ​ កាលវេលម៉ោង​៥និង​៥០​នាទី​ព្រលប់ ថ្ងៃ​ទី​២៨ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​​ ភូមិ​អូដឹម​សង្កាត់ ​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

អ្នករងគ្រោះ របួសធ្ងន់ ហើយបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ មិនត្រូវបានស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ភី ចំណាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ មានស្រុកកំណើតភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល រងរបួសបាក់ជើងស្តាំ ជាភាគីខាងម៉ូតូ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្ត ស៊ីណា ​ពណ៌​ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​ 2Y-4857 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចខាងលើ បែកកង់មុខខាងស្តាំ រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ហើយខណៈដែល ម្ចាស់កំពុងធ្វើការដោះប្តូរកង់ ស្រាប់តែ រថយន្ត​​ម៉ាក​ សាំ​យ៉ុង​ ពណ៌​ស្លែ ​ពាក់ស្លាក​លេខ​ភ្នំពេញ​ 2AA-0874 អ្នកបើកបរឈ្មោះ សំ មុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានបើក ពី​កើត​ទៅ​លិច ល្បឿនលឿនជ្រុលទៅបុកជនរងគ្រោះ២នាក់ ម្នាក់ជាអ្នកបើកបរ រថយន្តស៊ីណា ពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ​ 2Y-4857 កំពុងអង្គុយដោះកង់សាគួររថយន្តពីក្រោយ( បានស្លាប់ ) ម្នាក់ទៀត ជាអ្នកអង្គុយមើល រងរបួសបាក់ជើង រុញផ្ទប់ នឹងរថយន្តតែម្តង និងបុកម៉ូតូ មួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GD-5566 ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុមៈ តែជាអកុសល ជនរងគ្រោះម្នាក់ ជាអ្នកបើកបររថយន្ត ស៊ីណា បានស្លាប់​។

ចំណែករថយន្តទាំង២គ្រឿងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើកបរ រថយន្តសាំយ៉ុង ម្នាក់ផង ត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់