ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកដោយស្ត្រីម្នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកជនរងគ្រោះម្នាក់ និងសពយកទៅភ្លាមៗ ព្រោះខ្លាចរថយន្ដឯកជនផ្សេងទៀតមកដឹក ដែលធ្វើឱ្យសមត្ថកិច្ចរកសពអត់ឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥៥នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់កន្ទោក ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្ក ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2K-4872 បើកដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ។
ចំណែកម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L- 3570 ធ្វើដំណើរពីកើតទៅលិច និងមួយគ្រឿងទៀត ម៉ាកវ៉េវ គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុថា មុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះទាំង២គ្រឿង បានជិះទន្ទឹមគ្នាមានទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ មកដល់ចំណុចកើត ស្រាប់តែមានរថយន្តឆ្លាម បើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនលឿន វ៉ាជែងរថយន្តផ្សេងទៀត ក៏បុកចំពីមុខម៉ូតូទំាង២គ្រឿង បណ្ដាលឲ្យអូសម៉ូតូទាំង២គ្រឿងខាងលើ ចម្ងាយប្រមាណជាង២០ម៉ែត្រ ដោយជនរងគ្រោះទាំង២នាក់ផ្លោងប៉ើងលើរថយន្តផាត់ដូចសំឡី ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ។
ភ្លាមៗនោះ ស្រាប់តែមានរថយន្តគ្លីនិកឯកជនសម្ភពសុធារិទ្ធបែកចាន បានមកដឹកជនរងគ្រោះម្នាក់ និងសព ហើយត្រូវប្រជាពលរដ្ឋសួរថា យកសពទៅធ្វើអី ខាងរថយន្តសង្គ្រោះប្រាប់ថា យកទៅសង្គ្រោះសិនក្រែងមានជីវិត។
ក្រោយកើតហេតុប៉ូលិសចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានមកដល់ឃើញទិដ្ឋភាពចរាចរណ៍ធ្ងន់ធ្ងរពេក បានប្រគល់ឲ្យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែង និងនាំស្ត្រីខាងលើ ទៅផ្នែកចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់