ព័ត៌មានជាតិ

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនAMERICAN LUBES បើកលឿនជ្រុលបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណ:ពេលកំពុងដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនAMERICAN LUBES បើកលឿនជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​ ៣និង១០នាទីរសៀលថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានចេញពីធ្វើការសំណង់ ហើយបានដើរឆ្លងផ្លូវ៥០ម៉ែត្រពីត្បូងទៅជើង ស្របពេលមានរថយន្តដឹកប្រេងមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1438 កំពុងបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ​ ៥០ម៉ែត្រ​ ទិសដៅពីលិចទៅកើត បានជ្រុលបុកបុរសដែលកំពុងដើរឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កបានព្យាយាមបើកគេចតែត្រូវបានប្រជាពលរដ្ឋនឹងសមត្ថកិច្ចដេញចាប់បានត្រង់ចំណុចផ្លូវ​ ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចុះវាស់វែងឃាត់ខ្លួនអ្នកបើកបររួមព្រូទាំង២នាក់និងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះ​ស្រាយតាមនីតិវិធីច្បាប់នាពេលក្រោយ​។ ចំណែកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់