ភ្នំពេញៈ អគ្គិភ័យឆាបឆេះវីឡាភ្លោះ ខណៈដែលម្ចាស់ចាក់សោចោល រវល់ទៅផ្សារបាត់ផ្អើលអ្នកជិតខាង សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅវីឡាភ្លោះ លេខ៦៨ ផ្លូវបេ បុរីពិភពថ្មី ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខូចខាតអស់ទ្រព្យសម្បត្តិនៅជាន់ក្រោមទាំងស្រុង មិនដឹងថាមកពីមូលហេតុអ្វី ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ព្រំ ផានិត ភេទស្រី អាយុ៣០ឆ្នាំ មានប្តីឈ្មោះ ជា មករា អាយុ៣២ឆ្នាំ រស់នៅផ្ទះកើតហេតុ ។
តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ផ្ទះវីឡាខាងលើផ្ទះចាក់សោ ហើយចាកចេញទៅផ្សារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុ ខ្មួលខ្មាញ់ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ មកជួយអន្តរាគមន៍ ។
ករណីខាងលើនេះកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនដល់ទីតាំងកើតហេតុ សហការបាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញ ។ តាមការពិនិត្យជាក់ស្តែង សម្ភារៈ ទ្រព្យសម្បត្តិ ដែលមាននៅក្នុងផ្ទះជាន់ខាងក្រោម ត្រូវបានក្លាយជាចំណីអគ្គិភ័យទាំងអស់គ្មានសល់។ ចំណែកជាន់ខាងលើ ភ្លើងមិនឆេះដល់ ដោយសារ បាញ់ទឹក គ្រប់គ្រងបាន គ្រាន់តែផ្សែងហុយប្រឡាក់រោលខ្មៅតែប៉ុណ្ណោះ ។
គ្រោះអគ្គិភ័យខាងលើនេះ មិនទាន់សន្និដ្ឋានច្បាស់ថា មកពីឆ្លងចរន្ត ទុស្សេខ្សែភ្លើង ទុស្សេឧបករណ៍ប្រើប្រាស់ ដោយចរន្តភ្លើងនោះទេ ខណៈដែលម្ចាស់ផ្ទះអះអាងថា ភ្លើងកន្លែងកុងម៉ាមិនបានដោតចោល ចង្ក្រានឆ្នាំងដាំបាយក៏មិនទាន់ដាក់ដាំដែរ ទើបមិនទាន់ហានសន្និដ្ឋាន មកពីអ្វីឲ្យច្បាស់ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ៕
មតិយោបល់