ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីយកម៉ូតូជនរងគ្រោះទៅបញ្ចាំ

បាត់ដំបង: នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាង រតនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ ចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត ដោយយកម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះទៅបញ្ចាំ ហើយគេចខ្លួនកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ តាមបណ្តឹងរបស់ឈ្មោះ លាង ច័ន្ទធីតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

ក្រោយស៊ើបអង្កេត បានធ្វើការឆែកឆេរលំនៅឋាន ចំនួនពីរកន្លែងដឹកនាំដោយលោក ផាន់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង ទីតាំងនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ម្ចាស់ឈ្មោះសៀង នឹម ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរដកហូតម៉ូតូ ០៣គ្រឿងបញ្ចាំ គ្មានឯកសារ និងនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរក្រុងបាត់ដំបង ម្ចាស់ឈ្មោះ តាន់ ចាន់នុត ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរដកហូតម៉ូតូ ម៉ូតូ០៤ គ្រឿងទទួលបញ្ចាំគ្មានឯកសារ។

បច្ចុប្បន្នម៉ូតូទាំង០៧ គ្រឿងរក្សាទុកនៅការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវបន្ត ចំណែកជនសង្ស័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាកាតាមនីតិវិធី៕

មតិយោបល់