ព័ត៌មានជាតិ

កម្លាំងសណ្ដាប់ធ្នាប់សាលា​ខណ្ឌដូនពេញ​ម្នាក់ វាយកញ្ចក់​រថយន្ត​សាំយ៉ុងខូចខាត សង១០០ដុល្លារបញ្ចប់រឿង

​ភ្នំពេញៈ កម្លាំងសណ្ដាប់ធ្នាប់សាលា​ខណ្ឌដូនពេញ​ម្នាក់ បានវាយកញ្ចក់​រថយន្តឈ្នួល​របស់​​ពលរដ្ឋ​​ម្នាក់​​បណ្តាលឲ្យខូចខាតកញ្ចក់រថយន្តខាងស្តាំផ្នែកខាងមុខ បន្ទាប់ពីរថយន្តបានឈប់ទម្លាក់ម៉ូយ នៅកន្លែងហាមឃាត់ ហើយបើកប៉ះម៉ូតូរបស់គាត់ បណ្តាលដួល រួចម្ចាស់រថយន្តទារសំណង១០០ដុល្លារ សម្រាប់ថ្លៃជួសជុលការខូចខាតបញ្ចប់រឿង។

ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើតឡើងកាល​ពី​ម៉ោង​០២និង​២០​នាទី​ នៅ​ថ្ងៃទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ស្ថិតនៅម្តុំរង្វង់មូលកួចកាណុង សង្កាត់ស្រចក​ ខណ្ឌដូនពេញ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-0560​ តៃកុងដែលជាអ្នកបើករថយន្តឲ្យគេ ឈ្មោះ សៅ​ សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង​ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកមន្ត្រីសណ្តាប់ធ្នាក់ខណ្ឌខាងលើ មិនត្រូវបានស្គាល់ឈ្មោះឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរចុះពីស្ពាន​ជ្រោយចង្វារ​មកដល់ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ថនៈតេលា ម្តុំកួចកាណុង ដែលជាកន្លែងកើតហេតុ បានដាក់ភ្ញៀវចុះ ក៏ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ បានមកហាម និងហៅទៅអប់រំនៅកន្លែង តែតៃកុងរថយន្តមិនព្រមទៅតាម បានបើកបន្តទៅទៀត ក៏ជ្រុលទៅប៉ះម៉ូតូរបស់កម្លាំងសណ្តាប់ធ្នាប់ ទើបត្រូវបានម្ចាស់ម៉ូតូយកអាយឌីវាយកញ្ចក់រថយន្ត បណ្ដាលឱ្យរងការខូចខាត ខណៈនោះតៃកុង បានបើករថយន្តចេញពីកន្លែងកើតហេតុ​ព្រោះឃើញកម្លាំងច្រើន។

ក្រោយពេលកើតហេតុខាងសណ្តាប់ធ្នាប់ខណ្ឌ បានហៅតៃកុងរថយន្តខាងលើ ទៅណែនាំកុំឲ្យថ្ងៃក្រោយចេះតែចតរថយន្ត នៅកន្លែងដែលហាមឃាត់ ព្រោះវាអាចបណ្តាលឲ្យកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ភាគីខាងរថយន្តសាំយ៉ុងខាងលើ ក៏ទទួលបាននៅការណែនាំនេះ និងសន្យាឈប់ឲ្យមានកំហុសបែបនេះតទៅទៀត នៅថ្ងៃក្រោយ ព្រមទាំងបានផ្តាំផ្ញើដល់តៃកុងរថយន្តផ្សេងទៀត កុំយកតម្រាប់តាមគាត់។

បន្ទាប់ពីភាគីតៃកុងរថយន្តសន្យារួចមក លោកប្រធានសណ្ដាប់ធ្នាប់ បានប្រគល់លុយ១០០ដុល្លារជំនួនកូនចៅ ដើម្បីឲ្យទិញ ឬជួសកញ្ចក់រថយន្ត ទៅតាមការទាមទាររបស់ម្ចាស់រថយន្តសាំយ៉ុង៕

មតិយោបល់