កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ទទួលរងរបួសយ៉ាងទម្ងន់ ខណៈដែលបុរសរងគ្រោះ ជិះម៉ូតូទៅយកឌុយសាកទូរស័ព្ទ នៅផ្ទះបងប្អូនជីដូនមួយខ្លួន រួចក៏មានទំនាស់ពាក្យសម្ដី ធ្វើឲ្យប្អូនជីដូនមួយជាជនសង្ស័យខឹងយកដាវកាប់ទៅលើជនរងគ្រោះតែម្ដង ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំ បានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ងឹម ថង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកអនាម័យនៅកាសស៊ីណូហ្គ្រេនដ្រ្តាហ្គនជ្រៃធំ (រត់គេចខ្លួនបាត់ស្រមោល)។ ចំណែកជនរងគ្រោះឈ្មោះ លន់ សារ៉ន ហៅគាំង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះ និងយុវជនសង្ស័យត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាបងជីដូនមួយរបស់ជនសង្ស័យ បានជិះម៉ូតូទៅផ្ទះជនសង្ស័យ ក្នុងគោលបំណងយកឌុយសាកទូរស័ព្ទរបស់ខ្លួន ដែលចោទថាឈ្មោះ ងឹម ថេ ត្រូវជាបងបង្កើតជនសង្ស័យជាអ្នកយក ខណៈទៅដល់បានជនរងគ្រោះក៏បានសួរនាំ តែឈ្មោះ ងឹម ថេ (ជាបងជនសង្ស័យ) បានតបវិញថា មិនបានយកទេ រួចក៏បានជជែកគ្នា ធ្វើឲ្យជនរងគ្រោះខឹងក៏បានវាយពីរដៃ និងធាក់មួយជើងទៅលើឈ្មោះ ងឹម ថេ ឃើញដូច្នោះ ម្ដាយជនសង្ស័យក៏បានចូលទៅឃាត់ រួក៏បានជជែកគ្នាជាមួយជាមួយជនរងគ្រោះរហូតទាក់មាត់ទាក់ក.គ្នា ភ្លាមនោះជនរងគ្រោះក៏រុញច្រានស្រ្ដីដែលជាម្ដាយជនសង្ស័យបន្ថែមទៀត ខណៈនោះជនសង្ស័យឈ្មោះ ងឹម ថង បានមកដល់ រួចសួរនាំរឿងហេតុ ភ្លាមនោះឈ្មោះ ងឹម ថេ ជាបងបង្កើតជនសង្ស័យបានឆ្លើយប្រាប់ថា វាបានរុញ វាយម៉ែ ឮដូចនេះជនសង្ស័យមានចិត្តខឹង ក៏ស្ទុះទៅយកដាវពីក្នុងផ្ទះកាប់ទៅលើជនរងគ្រោះជាបងជីដូនមួយខ្លួនចំដើមទ្រូង ខណៈដែលជនរងគ្រោះដើរចេញទៅកន្លែងទុកម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងទម្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯជនសង្ស័យវិញ សមត្ថកិច្ចជំនាញកំពុងក៏សាងសំណំរឿង ស្រាវជ្រាវស៊ើបអង្កេតដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់