ខេត្តពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់អធិការដ្ឋានស្រុកក្រគរ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សហការនិងប៉ុស្តិ៍នគរបាល រដ្ឋបាលអន្លង់ត្នោត ចុះបង្ក្រាបនូវមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ហើយបានចាប់ឃាត់ ខ្លួនបុរសវ័យ៣០ឆ្នាំ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនផងដែរ។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឈិវ ឆេងលី ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងចុះប្រត្តិបត្តិការ បានឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀ ប៊ុនលី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាល បានដកហូតវត្ថុតាង និងសម្ភាររួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ស្មើនឹងទម្ងន់ចំនួន ៣២.៥៥ក្រាម ឧបករណ៍សង្ស័យប្រើប្រាស់គ្រឿងញៀន១កំប្លេ និងម៉ូតូចំនួន ២គ្រឿងម៉ាក វ៉េវអេស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ1A-2504 និងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ឈ្មោះ អៀ ប៊ុនលី និងវត្ថុតាងសម្ភារៈ កម្លាំងនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់វិធានការបន្ត៕




មតិយោបល់