តាកែវ: កាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀលថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិក្តីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ផ្ទះត្រូវអគ្គិភ័យឆេះ មានទំហំ ៦ x ៨ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងខូចខាតទាំងស្រុង និងសម្ភារទ្រព្យសម្បត្តិមួយចំនួន។ ម្ចាស់ផ្ទះមានឈ្មោះ កុច ប៉ុន ភេទប្រុស អាយុ ៧២ឆ្នាំ ។
ក្រោយពីទទួលបានដំណឹងភ្លាម លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រំចាក និងប្រជាពលរដ្ឋជិតខាង ចុះអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យភ្លាមៗ ។
ប៉ុន្តែដោយទទួលបានព័ត៌មានយឺតយ៉ាវ ម្យ៉ាងទៀតផ្លូវតូចចង្អៀត ពិបាកឲ្យរថយន្តចូលដល់កន្លែងឆេះ ហើយរដូវនេះ ជារដូវក្តៅផងនោះ ទើបធ្វើឲ្យកម្លាំងសមត្ថកិច្ច មិនអាចជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា។
តាមការសន្និដ្ឋានប្រហែល៖ ផ្ទុះសេខ្សែភ្លើង
ប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើទឹកអស់ចំនួន ០៣រថយន្ត ទើបពន្លត់រលត់បានជាស្ថាពរ៕
មតិយោបល់