ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនអ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក មកតុលាការ ដើម្បីសាកសួរករណីគ្រឿងញៀនជាង ៥០គីឡូក្រាម ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមដីការបស់តុលាការ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបជាទ្រង់ទ្រាយធំ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ និងគ្រឿងញៀនជាង ៥០គីឡូក្រាម។
មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬអំពើផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គឺជាបទសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី ៥ឆ្នាំទៅ១០ឆ្នាំ និង ពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល ។
ខណៈនេះ តុលាការកំពុងសាកសួរឧកញ៉ា គិត ធាង នៅឡើយ៕
មតិយោបល់