ព័ត៌មានជាតិ

លួចរ៉ឺម៉កកង់បី រួចជិះរកកន្លែងលក់ ម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូកង់បី អ្នកភូមិបានសម្រេចហើយ បើកទៅរកកន្លែងលក់ មិនទាន់បានផង ត្រូវម្ចាស់តាមស្វែងរកឃើញ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ធី តារាវិឌូ ហៅ អាត្រង៉ោល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ ផេង ម៉េងលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ៤២ ផ្លូវ ១២១ ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូកង់បី ជនសង្ស័យលួច ម៉ាក ស៊ីធីផ្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-3378 ដកហូតបានមកវិញ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែមិនា ត្រឡប់មកពីដឹកម៉ូយវិញ ចតទុកមុខផ្ទះដូចសព្វដង ហើយចូលដេកបាត់ ស្រាប់តែ នៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២២ នេះក្រោកចេញមក បាត់ម៉ូតូមិនឃើញ ផ្អើលនាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងបើករកកន្លែងលក់ ក៏ឃាត់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី៕

មតិយោបល់