ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំជួសជុលទូកអូប័រ ហើយក៏ធ្វើការអូស ទៅកណ្តាលទន្លេ បានអណ្តែតបន្តដល់ស្ពានជ្រោយចង្វារ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ រុញសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា។
សពបុរសខាងលើ ត្រូវបានប្រទះ កាលពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨ប្រជាពលរដ្ឋអូស ទៅដាក់នៅកណ្ដាលទន្លេថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បន្ទាប់ពីសពបុរសខាងលើអណ្តែតដល់ទឹកដី សង្កាត់ឬស្សីកែវ ទើបសមត្ថកិច្ចប៉ុស្តិ៍
ឬស្សីកែវ ក៏បានមកស្រង់លើកសាកសពមកលើគោក ដើម្បីធ្វើការត្រួតពិនិត្យ ។
ព័ត៌មានចុងក្រោយ រហូតដល់ម៉ោង៣រសៀល មាននារីម្នាក់ឈ្មោះ ឃឿន លីន អាយុ២១ឆ្នាំ មុខរបរលក់ផ្លែឈើ នៅផ្សារថ្មី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ធ្វើដំណើរកាត់នោះ ឃើញគេរោមមើលច្រើន ក៏ចុះមកមើលទើបឃើញ ស្គាល់ថា សពបុរសរងគ្រោះ ជាសង្សារខ្លួន ដែលបានស្រលាញ់គ្នា៣ឆ្នាំកន្លងមកហើយ ហើយបាត់ខ្លួនជិត១០ថ្ងៃមកហើយ ។
នារីខាងលើ បានឱ្យដឹងទៀតថា បុរសរងគ្រោះមានឈ្មោះ ដេត អាយុ២២ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅផ្ទះស្នាក់ ជាមួយគ្នា នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែល បានអះអាងថា កាលពីកន្លះខែមុន សង្សាររបស់នាង បានប្រាប់ថា សុំឳពុកម្តាយចូលស្តីដណ្តឹងនាង រៀបការតាមច្បាប់ តែឪពុកម្តាយគាត់ មិនព្រមគាត់ ក៏ពិបាកចិត្តរហូត រត់ចេញពីផ្ទះមួយអាទិត្យមកហើយ ដោយបិទទូរស័ព្ទ នាងទាក់ទងមិនបានសោះ ។
ទើបតែថ្ងៃនេះ នាងបានមកពីផ្សារថ្មី ឃើញគេរោមមើលឈូឆរ ពេលនោះនាងក៏ទៅមើល ទើបដឹងថា សពបុរសខាងលើអណ្តែត គឺជាសង្សាររបស់ខ្លួន ដោយនាងបញ្ជាក់ថា ស្គាល់តាមរយៈខោអាវ ដែលពាក់ជាប់ខ្លួន ព្រោះនាងជាអ្នកទិញឱ្យ។
ក្រោយពីការសមត្ថកិច្ចពិនិត្យសពរួច ក៏ស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់សព ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់