ភ្នំពេញៈ ដើម្បីសម្រួលចរាចរនៅពេលយប់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ម្យ៉ាងវិញទៀត ដើម្បីលើកសោភ័ណភាពរាជាធានីភ្នំពេញផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំឡើងបេតុងទ្រូងផ្លូវថ្មីប្រភេទស្តង់ដារខ្ពស់ ដោយជំនួសរនាំងដែក នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់មហាវិថីព្រះមុនីវង្ស។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ នៅអ័ក្សបេតុងទ្រូងផ្លូវ ជាអំពូលប្រភេទLEDទំនើបវិញ រួមនិងការបំពាក់បន្ទះចំណាំងផ្លាត និងគ្រាប់ចំណាំងផ្លាតបន្ថែមជាច្រើនប្រភេទទៀតផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ កក្កដានេះថាដើម្បីសម្រួលសុវត្ថិភាពចរាចរពេលយប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបញ្ជាទិញបន្ទះចំណាំងផ្លាត និងគ្រាប់ចំណាំងផ្លាតបន្ថែមជាច្រើនប្រភេទ សម្រាប់ដាក់ដំឡើងតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ហើយចំពោះការបញ្ជាទិញបន្ទះចំណាំងផ្លាត និងគ្រាប់ចំណាំងផ្លាតបន្ថែមជាច្រើនប្រភេទ សម្រាប់ដាក់ដំឡើងតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញត្រូវបាន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឯកភាពរួចរាល់ហើយដែរ៕
មតិយោបល់