ភ្នំពេញ: លោកតាវ័យ៧៣ឆ្នាំម្នាក់ ជិះម៉ូតូទៅទិញចំណុះខ្លាញ់ដើម្បីទុកហូបបាយ លុះត្រឡប់មកវិញជិះម៉ូតូឆ្លងផ្លូវ ក៏ត្រូវរថយន្តកាមរីហើម បើកមកយ៉ាងលឿនបុកចំពីមុខពេញទំហឹង បណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗ រីឯរថយន្តបង្កត្រូវសមត្ថកិច្ចតាមឃាត់បាន តែអ្នកបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សន សឿន អាយុ៧៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ជិះម៉ូតូម៉ាកហុងដារគុបជ្រុងពណ៍ទឹកប៊ិតពាក់ស្លាកលេខភ្នំពេញ 1W-1716 ។
តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថាមុនដំបូងគេឃើញលោកតា ជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ទិសដៅពីត្បូងទៅជើង ល្បឿនយឺតខណៈ មកដល់ចំណុចកើតហេតុ លោកតាបានបត់ឆ្លងផ្លូវមកខាងស្តាំដៃ ស្រាប់តែមានរថយន្តបង្ករកាមរីហើមពណ៍ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2D-4434 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានទៅបុកលោកតាពេញទំហឹង បណ្តាលអោយលោកតា ដួលអូសទៅនិងថ្នល់ជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅនិងកន្លែង។
បន្ទាប់មករថយន្តបានបើកព្យាយាមរត់ ទាំងខូតខាតផ្នែកមុខខាងឆ្វេង បើកឡើងទៅទិសខាងត្បូងសំដៅឡើងមកផ្លូវជាតិលេខ៤ ហើយបើករត់រហូតមកដល់ចំណុចការ៉ាស់សាំងតូតាល់អូរដឹម ដោយសារកំពុងស្ទះ ទើបម្ចាស់រថយន្តបានបើកយករថយន្តទៅទុកចោលនៅក្នុងការ៉ាស់សាំង ហើយគេចខ្លួនបាត់តែម្តង ទើបសមត្ថកិច្ចទៅដល់ឃាត់បានតែរថយន្ត។
ក្រោយកើតហេតុក្រុមគ្រួសារសព បានយកសពចេញពីកន្លែងកើតហេតុទៅផ្ទះដោយខ្លួនឯង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងជំនាញសហការធ្វើការនៅកន្លែងកើតហេតុ រងចាំជំនាញចរាចរណ៍ក្រុងចុះមកយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់