បាត់ដំបងៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ៦និង៣០នាទីព្រឹក ស្ត្រីម្នាក់កំពុងដើរទិញបន្លែក្នុងផ្សារ ស្រាប់តែប៉ះចំគ្រែដែកដែលឆ្លងចរន្តអគ្គិសនី ក៏បណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលក្នុងផ្សារកំប្រ៉ង់ ភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ប៉ុន វ៉ាត អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង។
ដំណើររឿង៖ មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងដើរទិញបន្លែនៅក្នុងផ្សារ ហើយប៉ះចំគ្រែដែកមានឆ្លងចរន្តអគ្គិសនីដែលដាក់លក់ទំនិញនៅក្នុងផ្សារនោះ ពេលត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្ត្រីរងគ្រោះដួលសន្លប់ តែភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិជួយដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពមូលដ្ឋានដែរ តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ យោងតាមប្រភពពីសាក្សីបាននិយាយប្រាប់ថា មូលហេតុដែលគ្រែដែកនោះមានឆ្លងចរន្តអគ្គិសនី គឺដោយសារម្ចាស់គ្រែយកកង្ហារដែលមានខ្សែដាច់រលាត់ដាក់នៅលើគ្រែ ហើយខ្សែភ្លើងដែលមានដាច់រលាត់នោះ ប៉ះជាប់នឹងគ្រែដែក ទើបឆ្លងចរន្តឆក់ស្ត្រីរងគ្រោះកំពុងដើររកទិញបន្លែក្នុងផ្សារ ស្លាប់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា គ្រែដែកនោះពិតជាឆ្លងចរន្តអគ្គិសនីពីខ្សែកង្ហាដែលដាច់រលាត់មែន ដោយសារម្ចាស់មានការធ្វេសប្រហែស ពេលនេះមន្ត្រីជំនាញកំពុងធ្វើការសាកសួរព័ត៌មាន និងធ្វើកំណត់ហេតុប្រគល់សពស្ត្រីជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់