ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ ជិះម៉ូតូរអិលដួលដោយខ្លួនឯង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនៅលើផ្លូវ

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ក៏រអិលដួលម៉ូតូ បណ្តាលឲ្យសន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាសន្ធរម៉ុក តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសខាងលើ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DB-7219 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវម៉ៅសេទុង។ មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរអិលជាមួយនឹងទឹក ដែលហូរស្រក់ពីរថយន្តនៅលើផ្លូវ បណ្តាលឲ្យម៉ូតូដួលរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូបានរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកឯកជនហុងហាក់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រង់ចាំសាច់ញាតិជនរងគ្រោះ មកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ៕

មតិយោបល់