ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់មានជំងឺផ្លូវចិត្តបានធ្វើអត្តឃាតសម្លាប់ខ្លួន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់សម្រេចចិត្តអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ ភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ អ៊ុន សុខលី ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះធ្លាប់ប្រើសារធាតុញៀន ត្រូវឪពុកម្ដាយយកទៅផ្ញើនៅមណ្ឌលកែប្រែ រយៈពេល ៣ខែ ទើបសម្រេចចិត្តយកត្រឡប់មកផ្ទះវិញ ក៏ធ្វើអត្តឃាតដោយយកក្រម៉ាចងភ្ជាប់នឹងធ្នឹមបន្ទប់របស់ខ្លួន បណ្ដាលឲ្យស្លាប់។ ផ្អែកតាមការបភ្លឺរបស់ឈ្មោះ អ៊ុន អឿន និងឈ្មោះ អោ វឿន ដែលជាឪពុកម្តាយ របស់សាកសពជនរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ ជាមនុស្សញៀនថ្នាំ ធ្លាប់យកទៅដាក់មណ្ឌលកែប្រែ និងមានជំងឺផ្លូវចិត្តទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសព បញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយយកក្រម៉ាចងកខ្លួនឯង នៅនឹងក្នុងបន្ទប់លើផ្ទះពិតប្រាដកមែន បន្ទាប់មកសមត្ថកិច្ច ក៏ប្រគល់សពជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់