ព័ត៌មានជាតិ

ប្រើសារធាតុញៀនហួសកម្រិត បង្កអុកឡុកក្នុងមូលដ្ឋាន ផ្អើលប្រជាពលរដ្ឋភ័យខ្លាច សមត្ថកិច្ចចាប់ឃាត់ទុក

ភ្នំពេញ: យុវជនម្នាក់ប្រើសារធាតុញៀនហួសកម្រិត បានបង្កអុកឡុកតាមផ្លូវ បន្ទប់ជួល ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅចាប់ឃាត់ដាក់ខ្នោះ ដៃជើង ដើម្បីការពារសុវត្ថិភាព ខណ:យុវជនខាងលើ មានអាកប្បកិរិយាកាចសែនកាច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនខាងលើ ក្នុងសភាពរវើរវាយ ស្រែកឡូឡា មានអាយុជាង២០ឆ្នាំ មិនដឹងថា សម្បែង ក្រុមគ្រួសារ នៅទីណាឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ យុវជនរូបនេះ បានដើរថ្មើរជើងមកដល់ចំណុចខាងលើ ចាប់បុរសអ្នកលក់ធ្យូងម្នាក់បោក ហើយត្រូវពលរដ្ឋជួយ រត់គេចខ្លួនទាន់ ហើយជនខាងលើ បានយកបានកាំបិត ពីផ្ទះពលរដ្ឋ ដេញកាប់ ប្រជាពលរដ្ឋ តាមផ្លូវ ផ្ទះជួល ភ័យលស់ព្រលឹង ហើយថែមទាំងស្រែឡូឡា បោកក្បាលនឹងជញ្ជាំងផ្ទះដោយខ្លួនឯង បែកហូរឈាមកក្លាក់ ត្រូវ សមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ ចាប់ឃាត់ទម្រាំបាន សម្រេចមានតែដាក់ខ្នោះដៃ ជើងជាបណ្តោះអាសន្នសិន ដើម្បីធានាសុវត្ថិភាព ។

យុវជនខាងលើ សមត្ថកិច្ចចាប់ឃាត់ រង់ចាំអាជ្ញាធរ ទំនាក់ទំនងទៅ មន្ទីរសង្គមកិច្ចយកទៅសំចត មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ជៀសវាងដើរអុកឡុកតាមទីសាធារណ: ៕

មតិយោបល់