ព័ត៌មានជាតិ

មុខសញ្ញាលួច និងប្លន់យ៉ាងសកម្មម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចឆក់និងប្លន់យ៉ាងសកម្ម។

ជនសង្ស័យឈ្មោះ កង សុខគា ហៅអាបឹតអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានបណ្តឹង២ករណីផ្សេងគ្នា
បណ្តឹងករណីទី១របស់ឈ្មោះ មន សំណាង ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ពន្ធករណីបាត់ម៉ូតូមួយគ្រឿង ម៉ាក
Yamaha fino ពណ៌ក្រហមលាយផ្កាឈូក ពាក់ស្លាកលេខកោះកុង1A 0321 ដែលជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចគាស់ផ្ទះ យកទៅបាត់ដោយសុវត្ថិភាព។

បណ្តឹងករណីទី២របស់យុវជនឈ្មោះ សុន ង៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅបុរីឡាយគង់ ខណ្ឌដង្កោ ត្រូវជនសង្ស័យ យកកាំបិតបុ័ងតោ កាប់ចំស្លឹកត្រចៀកខាងឆ្វេង ប្លន់យកខ្សែ ក និងខ្សែដៃអស់ចំនួន៥ជីបានសម្រេច ដោយសុវត្ថិភាព ហើយជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងទី២ បានសហការគ្នាស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ការឃាត់សង្ស័យខាងលើ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ អា វែង កំពុងតែរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់