ព័ត៌មានជាតិ

រថយន្តឆ្លាម បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ បុរសពីរនាក់សង្ស័យស្រវឹងស្រា បានបើករថយន្តកាមរីឆ្លាមមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសពីរនាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-4861 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅខាងស្តាំ ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹងទាំងកំរោល បណ្តោយឲ្យរថយន្តខ្ទាតបែរគូទ ទៅទទឹងស្ពានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯអ្នកបើកបានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ រីឯបង្កាន់ដៃស្ពានអាកាស បានរងការខូចខាតបែកបាក់បន្តិចបន្តួច និងបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវខាងលើ។

ភ្លាមៗនោះក៏ឃើញមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅស្តុបខាងក្រោមស្ពានអាកាស បានចុះមកជួយធ្វើការអន្តរាគមន៍ សម្រួលចរាចរណ៍ផងដែរ។

ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកយកអ្នកបើកបររថយន្ត ដែលរងរបួសទាំង២នាក់ ទៅសង្គ្រោះភ្លាមៗ ដោយឡែករថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់