ព័ត៌មានជាតិ

បន្លំលួចរថយន្តតាក់ស៊ីម៉ែត្រ ស៊យអីរថយន្តមានជាប់ GPS ម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបន្លំលួចរថយន្តតាក់ស៊ីម៉ែត្រក្រហម ហើយព្យាយាមបើករត់ តែដោយរថយន្តដាក់ GPS ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចទួលគោក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចជិតវត្តនាគវន្ត័ តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល។

ជនសង្ស័យទី១ ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ ស្រុកកំណើត នៅភូមិសំរោងធំ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី២ មានឈ្មោះ ណារិត ហៅងិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្តម៉ាក Toyota Prus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T .6522 យកមកចតនៅការាស់សាំង សូគីម៉ិច តាមបណ្ដោយផ្លូវនិរុហ៏ កែវផ្លូវលេខ២២៥ ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ដោយជនរងគ្រោះ ក៏បានឲ្យសោររថយន្ត ទៅជនសង្ស័យជាសន្តិសុខខាងលើ ដើម្បីរៀបចំទុកដាក់។

ខណៈនោះ ជនសង្ស័យក៏បានឆ្លៀតឱកាស លួចយករថយន្តរបស់ជនរងគ្រោះ រួចបើករត់ មកដោះប្រព័ន្ធGPSចេញអស់ពីរ នៅសល់GPSមួយទៀត ដោយឃើញបាត់រថយន្តទៅយូរពេក ម្ចាស់រថយន្តក៏បានឆែករក ឃើញតាមប្រពន័GPS ហើយក៏ទៅរកមើលឃើញរថយន្ត នៅចំណុចខាងលើក ទើបចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និងសាកសួរ ដោយករណីនេះ កើតឡើងនៅខណ្ឌ៧មករា ទើបសមត្ថកិច្ច បញ្ជូនជនសង្ស័យទៅអធិការដ្ឋានខណ្ឌ៧មករា ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់