ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតក្មេងប្រុសស្រី ២នាក់ នៅខេត្តកែប

កែប: កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៤០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ ទិសដៅស្របគ្នាពីលិចទៅកើត នៅលើផ្លូវជាតិលេខ៣៣ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ មុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

ម៉ូតូម៉ាក ស្មាស ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កែប 1B-0247 បើកបរដោយឈ្មោះ យ៉ោង ភូពេជ្រមុន្នីរ័ត្ន ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/កែប រងរបួសធ្ងន់ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
រួមដំណើរដោយឈ្មោះ ទី អរុណ ប្រុស អាយុ ១១ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុង/ខេត្តកែបស្លាប់នៅនឹងកន្លែងកើតហេតុ។

រថយន្តម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-1307 ក្រោយពេលកើតហេតុរថយន្ត បានបើករត់គេចតែត្រូវបានសមត្ថកិច្ចបើកដេញតាម ពីក្រោយ លុះដល់ចំណុចរង្វង់មូលផ្លូវបំបែកភ្នំវល្លិ៍ ស្ថិតនៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើកទ្វារឡានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកែប។

សូមបញ្ជាក់៖ ករណីខាងលើ ជនរងគ្រោះរបួសធ្ងន់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនបង្កបច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងស្វែងរកដើម្បីមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់