ព័ត៌មានជាតិ

ពិតជាសង្វេគណាស់!ឆេះស្លាប់ប្រពន្ធឯប្តីរបួសធ្ងន់

កណ្ដាល: អគ្គិភ័យ បានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង បណ្ដាលឲ្យស្រ្តីជាម្ចាស់ផ្ទះម្នាក់ បានស្លាប់គួរឲ្យសង្វេគនិងបុរសជាប្តីរងរបួសធ្ងន់ ខណ:ពួកគាត់កំពុងលង់លក់ក្នុងដំណេកនៅក្នុងផ្ទះរបស់ខ្លួន ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចផ្ទះ ឈ្មោះ វ៉េង វិរះ ភេទ ប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ និងជនរងគ្រោរងរបួសធ្ងន់ឈ្មោះ វ៉េង វិរ: ភេទប្រុស អាយុ៣០ឆ្នាំត្រូវជាប្តីមានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកសម្ភារ:ខូចខាតមាន៖ ផ្ទះចំនួន១ខ្នង ទំហំ៩ម៉ែត្រគុណនឹងទទឹង៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ខូចខាត៥០% ,ពូក ,ខ្នើយ ,ខោអាវ និងទូដាក់ខោអាវផងដែរ ។

ប្រភពបន្តថា នៅវេលាយប់កើតហេតុ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ បាននាំគ្នាគេងក្នុងផ្ទះរបស់ខ្លួនលើឡៅតឿ លុះមកដល់វេលាម៉ោងប្រមាណ២រំលងអធ្រាត ស្រាប់តែមានអគ្គិភ័យកើតឡើង បានឆេះក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធត្រូវភ្លើងឆេះស្លាប់ រីឯជនរងគ្រោះជាប្តីរងរបួសធ្ងន់ ខណ:នោះដែរ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ និងយកជនរងគ្រោះដែលរងរបួសធ្ងន់ ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីខាងលើសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ចំណែកសាកសពស្រ្តីរងរគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់