ព័ត៌មានជាតិ

តុលាការខេត្តកណ្តាលបើកការជំនុំជំរះ ជនល្មើស៨នាក់

កណ្តាលៈ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កំលាំងអនុរក្សពន្ធនាគារ ខេត្តកណ្តាល បាននាំជនល្មើសចំនួន៨នាក់ ជាប់ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ការប្រើអំពើហិង្សា និងអំពើលួចមកកាន់សាលាដំបូងខេត្តកណ្តាល បើកការជំនុំជំរះ និងសាកសួរយកចម្លើយដើម្បីធ្វើការវិនិច្ឆ័យទោស។

មន្ត្រីអនុរក្សពន្ធនាគារ បានបញ្ជាក់ថា ជនល្មើស៨នាក់ នោះមានចំនួន៥នាក់ ជាប់ចោទពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និង២នាក់ ជាប់ចោទបទលួចហើយម្នាក់ទៀត ជាប់ចោទការប្រើ អំពើហិង្សាមានស្ថានទម្ងន់។

មន្ត្រីដដែល បានឲ្យដឹងទៀតថា ក្នុងចំណាមជនល្មើស៨នាក់ គឺមាន៣នាក់ ជាប់ចោទពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ប្រព្រឹត្តឡើងនៅភូមិលេខ៥ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ត្រូវតំណាងអយ្យការសាលាដំបូងខេត្តកណ្តាល បង្គាប់ឲ្យនាំខ្លួនមកសាកសួរយកចម្លើយ គឺឈ្មោះ អូន ដេត ភេទប្រុសអាយុ២៥ឆ្នាំឈ្មោះ ពេជ្រ ឃឿនភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ៉ុន ជាតិ ភេទប្រុស អាយុ២២ឆ្នាំ។

ចំណែកជនល្មើស៥នាក់ទៀតត្រូវតំណាងអយ្យការសាលាដំបូងខេត្តកណ្តាលបង្គាប់ឲ្យនាំខ្លួនមកបើកសវនាការជំនុំជំរះ គឺមានទី១-ឈ្មោះ គឹម ទៀងភេទស្រី អាយុ២៤ឆ្នាំជាប់ចោទបទរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តឡើងនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ ទី២-ឈ្មោះ ជិន ចន្ទី ភេទប្រុស អាយុ៣៤ឆ្នាំ ជាប់ចោទបទរក្សាទុកនិង ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៤ខែមិនា ឆ្នាំ២០១៦។ ទី៣-ឈ្មោះ វឿន ដា ភេទប្រុស អាយុ៣៥ឆ្នាំ ជាប់ចោទបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តឡើងនៅភូមិស្វាយឃុំព្រៃពួចស្រុកអង្គស្នួល កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥។ ទី៤-ឈ្មោះ ណុប វណ្ណះ ភេទប្រុសអាយុ២១ឆ្នាំ ជាប់ពីបទលួចប្រព្រឹត្តឡើងនៅភូមិស្តៅ កន្លែងឃុំដីឥដ្ឋស្រុក គៀនស្វាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ និងទី៥.ឈ្មោះ ម៉ៅ ស៊ីណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាប់ចោទបទលួចប្រព្រឹត្តឡើងនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្មាំ២០១៥ ៕

មតិយោបល់