ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា នេះ បានបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបំភ្លឺបញ្ជាក់អំពីករណីលោក សម រង្ស៊ី ដែលត្រូវបានរដ្ឋសភាប្រកាសសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៥ ហើយដកសុពលភាពវិញ និងបញ្ជាក់អំពីនីតិវិធី ឬច្បាប់ ឬមាត្រាណាមួយ ដែលរដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីចំពោះតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិ តបតាមសំណើស្នើសុំរបស់គណបក្សសង្គ្រោះជាតិ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះ មានរបៀបវារៈចំនួន៨ ក្នុងនោះ ការពិនិត្យលើសំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រចំនួនពីររូបគឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាវៈវិស័យសុខាភិបាល។ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ៖
១-កិច្ចព្រមព្រៀងស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន
២-ពិធីសារស្តីពី ការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣-ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី ៦ នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវា។ ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអញ្ជើញចូលរួមផងដែរ៕
មតិយោបល់