កោះកុងៈ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ត្រង់ចំណុចភូមិអន្លង់វ៉ាក់ ឃុំតាទៃ ស្រុកកោះកុង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ រងរបួសធ្ងន់ស្រាល ។
រថយន្តម៉ាក LAND CRUISERS ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 2A-3350 បើកបរដោយឈ្មោះ លាង កុម្ភៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងអ្នករួមដំណើរចំនួន ៦នាក់ បានធ្វើដំណើរត្រឡប់មកពីឃុំកោះស្តេច ដើម្បីមកកាន់ទីរួមខេត្តកោះកុងវិញ តែពេលមកដល់ចំណុចកើតហេតុ រថយន្តចុះចំណោទក្នុងល្បឿនលឿន បណ្តាលឲ្យធ្លាក់ផ្លូវបុកជញ្ជាំងភ្នំ ក្រឡាប់ដោយខ្លួនឯងតែម្តង។
សូមបញ្ជាក់៖ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះអ្នករបួសធ្ងន់ត្រូវបានបញ្ជូន បន្តទៅសម្រាកព្យាបាលឯប្រទេសថៃ៕
មតិយោបល់