ភ្នំពេញៈ កាលពីវេលាម៉ោងជាង ០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ មានករណីរថយន្តដឹកទូរកុងតឺន័រ ល្បឿនលឿនបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតនៅលើផ្លូវថៃហ្គ័រ កែងផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកបើកបរឈ្មោះ ខុន ខេន បានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចចុះមកដល់ នេះបើតាមកាតសម្គាល់ខ្លួនអ្នកបើកបរ ឲ្យក្រុមហ៊ុនដឹកកុងតឺន័រ S-N និងID-F05 ដែលបន្សល់នៅកន្លែងកើតហេតុ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តសណ្ដោងកុងតឺន័រខាងលើ មានក្បាលពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 3C-0795 និងកន្ទុយកុងតឺន័រ ស្លាកលេខភ្នំពេញ 4A-0461 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវថៃហ្គរ ក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន និងមិនបន្ថយល្បឿន ទៀតនោះ ក៏បណ្ដាលឲ្យរថយន្តផ្អៀងម្ខាង រហូតក្រឡាប់ផ្ងារជើងឡើងច្រង៉ាងទទឹងផ្លូវតែម្ដង ធ្វើឲ្យធ្លាក់ទូកុងតឺន័រ អូសថ្នល់ ខូចថ្នល់កៅស៊ូអស់ជាច្រើនកន្លែង ចំណែករថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចហៅឡានស្ទូច មកទាញអែបចិញ្ចើមផ្លូវសិន ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់