ព័ត៌មានជាតិ

ផឹកស្រវឹង ជិះម៉ូតូឌុបស្រីស្នេហ៍បុកគេ ត្រូវម្ចាស់ដកកាំភ្លើងខ្លីវាយបែកក្បាល

ភ្នំពេញៈ នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍តិចតួចមួយ តែបែរក្លាយជាអំពើហិង្សា បុរសម្នាក់ដកកាំភ្លើង វាយភាគីទំនាស់ បណ្ដាលឲ្យរងរបួសក្បាល នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីមិត្តស្រីរបស់បុរសរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ពួកគេបានចេញពីហូបអី រួចជិះម៉ូតូ ម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2449 ក្នុងស្ថានភាពស្រវឹងត្រឡប់ទៅផ្ទះវិញ មកដល់ចំណុចមុខស្ថានទូតគុយវ៉ែត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលទៅនឹងថ្នល់។

ភ្លាមៗនោះបុរសជាម្ចាស់ម៉ូតូ HONDA DREAM បានងើបមកវាយសង្សារខ្លួនជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាល បណ្ដាលឲ្យរងរបួសហូរឈាម ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយនាំខ្លួនជនបង្ករបួសស្នាម ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំ ចាត់ការតាមនិតីវិធី៕

មតិយោបល់