កណ្តាលៈ រថយន្តបើកឆ្លងទូកដរ ធ្លាក់ចូលក្នុងទឹកទន្លេបាសាក់ សំណាងដែរ ពុំមានអ្នកគ្រោះថ្នាក់ករណីនេះបណ្ដាលឲ្យខូចខាតរថយន្ត ០១គ្រឿងនិងសម្ភារ:ក្នុងរថយន្តមានប្រាក់១,៥០០ដុល្លារ ប្រាក់រៀលចំនួន២០,០០០រៀល និងធុងបាស់GLDចំនួន០១គ្រឿង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង២០នាទី នៅចំណុចកំពង់ចម្លងព្រែតាជ្រូក-ព្រែកយូហឹង (ក្បាលកោះ) ស្ថិតក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ ឯម វិច្ឆិការ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពញែ បានបើកបររថយន្តម៉ាក សឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-1782 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងចេញពីកម្មវិធី ទន្លាក់ចង្ក្រានកូនរបស់ឈ្មោះ កុយ ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដោយខ្លួនបានហូបស្រាបៀរ អស់ចំនួន៤ទៅ៥កំប៉ុង រួចហើយក៏បន្តដំណើរមកឈប់រថយន្តរង់ចាំឆ្លងទូកដរនៅកំពង់ចម្លងព្រែកតាជ្រូក ត្រើយខាងកើត ហៅដរក្បាលកោះ។ លុះពេលអ្នកបើកទូកដរឈ្មោះ សេង សុភា ហៅប៉ោលី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបើកទូកដ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានបើកទូកដរមកដល់ ចងខ្សែ-ដាក់ក្ដារ និងកំណល់កល់កង់មុខរថយន្តរួច ក៏ឈរបញ្ជារឲ្យរថយន្តចុះទូក ភ្លាមនោះអ្នកបើករថយន្តបានបើកចុះស្មានល្បឿនមិនត្រូវ ក៏ជ្រុលទៅរុញកំណល់កល់កង់រថយន្តខាងមុខ ធ្លាក់ទឹកទន្លេបាសាក់ទាំងកំណល់ ទាំងរថយន្តតែម្ដង រីឯអ្នកបើករថយន្តបានចេញតាមកញ្ចក់ទ្វារមុខមកក្រៅរថយន្តឡើងគោករួចខ្លួន ចំណែករថយន្តលិចទៅក្នុងបាតទន្លេបាត់ទៅ បច្ចុប្បន្នម្ចាស់រថយន្តកំពង់ជួលគេស្រង់រថយន្តឡើង ។
សន្និដ្ឋាន៖ ករណីនេះបង្កឡើងដោយអ្នកបើករថយន្តធ្វេសប្រហែល ខ្ចីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តធ្លាក់ទឹកព្រោះពេលនោះមេឃទើបភ្លៀងរួចក្ដារផែនិងក្ដារទូកសើម រួមជាមួយកង់រថយន្តជាប់ដីផងទើបមានភាពងាយស្រួលក្នុងការរអិល៕
មតិយោបល់