ភ្នំពេញៈ ក្នុងចំណោមតារា២រូបដែលបានចូលសម្ភាសន៍ដើម្បីបានចេញទៅសម្ដែងនៅក្នុងប្រទេសកាណាដានៅដើមខែក្រោយនោះ គឺមានតែលោកអែនឌី ម្នាក់ប៉ុណ្ណោះដែលបានទទួលជោគជ័យ ដោយលោកនឹងចាកចេញពីកម្ពុជានៅថ្ងៃទី៦ ខែ៨ខាងមុខ។ ដោយសារតែជាប់ជាមួយនឹងការសម្ដែងនោះហើយ ដែលលោកជំរុញការសេងហាងលក់ខោអាវនៅផ្សារផេនសលដោយលែងស្ដាយស្រណោះ។
លោកអែន ឌី បានអះអាងថា នៅថ្ងៃទី៦ ខែ៨នេះ លោកនឹងចាកចេញទៅសម្ដែងនៅក្នុងប្រទេសកាណាដារយៈពេល២ខែតែម្នាក់ឯងប៉ុណ្ណោះ បន្ទាប់ពីតារាម្នាក់បានធ្លាក់សម្ភាសន៍។ លោកថាខ្លួននឹងចេញសម្ដែងជាមួយតារាចម្រៀងខ្មែរនៅក្នុងប្រទេសកាដាណា ហើយមិនទាន់ច្បាស់ក្នុងរយៈពេល៨សប្ដាហ៍នោះ តើលោកនឹងត្រូវសម្ដែងប៉ុន្មានលើកនៅឡើយទេ។ លោកថានេះជាការសម្ដែងមួយថ្មីរបស់លោកនៅក្រៅប្រទេស ទើបលោកបង្ខំចិត្តត្រូវតែលក់មុខរបរចោល ដើម្បីកុំឲ្យត្រាំត្រែងនាំឲ្យខាតដើមខាតចុង។ លោកថាចាប់ពីពេលនេះតទៅលោកនឹងទទួលចេញច្រៀងនៅក្រៅប្រទេសឲ្យបានច្រើន ព្រមជាមួយនឹងបង្ហាញខ្លួនលើឆាកទូរទស្សន៍ ដើម្បីឈោងចាប់អាជីពសិល្បៈឲ្យខ្លាំងដូចដើម។ ក្នុងនោះលោកក៏គ្រោងចាប់ដៃជាមួយតារាស្រីល្បីៗដូចជាវីជេអាណូ ដើម្បីបង្ហាញខ្លួនក្នុងការសម្ដែង និងលើសម្ភាសន៍ទូរទស្សន៍ក្រោយពេលត្រលប់មកវិញនោះផង។
លោកថាដំណើរចេញសម្ដែងនៅក្រៅប្រទេសកាណាដាលើកនេះ ពិតជាទទួលជោគជ័យមិនខុសពីពេលដែលលោកនៅខ្លាំងនៅក្នុងពិភពសិល្បៈនោះទេ ដោយសារតែលោកបានត្រៀមបទចម្រៀងប្រភេទរាំរែករួមមានរាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ជាដើម ដើម្បីឲ្យបងប្អូនខ្មែរសប្បាយរីករាយ។ លោកមិនច្បាស់ពីការពន្យារពេលសម្ដែងក្រោយបញ្ចប់រយៈពេល២ខែនោះទេ ខណៈដែលការធានាចេញគឺបានត្រឹមតែកំណត់ឲ្យលោកទៅសម្ដែងនៅទីនោះរយៈពេលមួយកំណត់។ យ៉ាងណាក៏ដោយតារាចម្រៀងដែលបានចេញសម្ដែងនៅក្នុងប្រទេសកាណាដា មិនសូវមានឱកាសបន្តពេលវេលានោះទេ ដោយសារតែនៅទីនោះ មិនសូវមានខ្មែររស់នៅច្រើនដូចគ្នានឹងការចេញសម្ដែងនៅសហរដ្ឋអាមេរិក ឬទ្វីបអ៊ឺរ៉ុប។
ពាក់ព័ន្ធនឹងហាងលក់ខោអាវដែលសេងមិនទាន់ដាច់នោះវិញ លោកអែនឌី បានអះអាងថាខ្លួនបានសម្រេចចិត្តជួលឲ្យគេជាបណ្ដោះអាសន្នហើយ ក្នុងពេលជាប់ភារៈចេញសម្ដែងនៅក្នុងប្រទេសកាដាណារយៈពេល២ខែនេះ ដោយរង់ចាំឲ្យលោកត្រលប់មកវិញសិន៕
មតិយោបល់