ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បុរសជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីការបស់តុលាការ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ត្រង់ចំណុចក្បែររដ្ឋសភាជាតិ តាមបណ្ដោយផ្លូវសប៊ិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ អាយុប្រហែល ៤០ឆ្នាំ ជិះកង់បីឥណ្ឌា តាមផ្លូវសប៊ិត ក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមានរថយន្ត Lexus 470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AC-7772 ដោយមានកម្លាំងស៊ីវិល ចុះមកឃាត់កង់បី ហើយចាប់បុរសជនបរទេសម្នាក់ឡើងរថយន្តតែម្ដង។ ហេតុការណ៍នេះបង្កឲ្យជនជាតិបរទេសនោះ ស្រែកឆោឡោឡើងឲ្យគេជួយអន្ដរាគមន៍ ប៉ុន្ដែកម្លាំងនគរបាលដែលបំពេញប្រតិបត្តិការ បានអះអាងថា ការចាប់ខ្លួនជនជាតិបរទេសនេះ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ប៉ុន្ដែសមត្ថកិច្ចមិនបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងអ្វីឡើយ៕
មតិយោបល់