ព័ត៌មានជាតិ

ប្រុងប្រយ័ត្នផងបងប្អូន! ទឹកដោះគោស្រស់ ទឹកក្រូច ទឹកម្ទេស នំចង្កិះ ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

កំពត-កែបៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារពងទឹកខេត្តកែប និងនៅស្រុកជុំគីរី ខេត្តកំពត។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកដោះគោស្រស់ចំណុះ ១៧០ ក្រាម ចំនួន ៦ កំប៉ុង ស្មើនឹង ១.០២០ ក្រាម
-ទឹកក្រូចចំណុះ ២៥០ មីលីលីត្រ ចំនួន ៥ កំប៉ុង ស្មើនឹង ១.២៥០ មីលីលីត្រ
-ទឹកក្រូចចំណុះ ៣៣០ មីលីលីត្រ ចំនួន ១៥ កំប៉ុង ស្មើនឹង ៤.៩៥០ មីលីលីត្រ
-នំចង្កិះទម្ងន់ ២០ ក្រាម ចំនួន ៥ កញ្ចប់ ស្មើនឹង ១០០ ក្រាម
-ទឹកម្ទេសទម្ងន់ ១០០ ក្រាម ចំនួន ៥ កញ្ចប់ ស្មើនឹង ៥០០ ក្រាម
សរុបទំនិញដកហូតបាន ៥ មុខ ស្មើ ២៦ កំប៉ុង និង១០កញ្ចប់។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់