ភ្នំពេញៈ កម្មការនីរោងចក្រម្នាក់ ខណៈដែលដើរ ទៅធ្វើការរោងចក្រ បានប្រទះជួប និងប្រទាក់ពាក្យជាមួយក្រុមទម្លាក់យោង ប្រើល្បិចរើសបានថង់មាស ល្បួងនាំយកទៅដោះយកគ្រឿងអលង្ការ យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅគន្លើនចេតិយ ក្នុងបរិវេណវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ផាន់ ភ័ស្ត អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ស្ត្រីរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណៈដែលដើរចេញពីបន្ទប់ជួល ឆ្ពោះទៅរោងចក្រកាតដេរ នៅក្បែរនោះ ស្រាប់តែមានស្ត្រី ជនសង្ស័យម្នាក់មកសួរ រឿងមានគេជ្រុះបាត់ ថង់មាស នាងឆ្លើយថាមិនដឹង ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ទៀតមកប្រាប់ថា កុំមាត់គេរើសបាន ស្រាយមាត់ថង់ឲ្យមើលឃើញ លោហៈក្រហមច្រាស ដាក់ភ្នែក ហើយនិយាយថា យើងយកទៅចែកគ្នា រួចបបួលនាងឡើងជិះម៉ូតូ ចំនួន២គ្រឿង សង់កូរ៉េមួយគ្រឿង សេ១២៥ មួយគ្រឿង ៥នាក់ទាំងរូបនាង នាំគ្នាជិះទៅក្នុងបរិវេណវត្តត្រពាំងឈូក។
បន្ទាប់មកក្រុមជនសង្ស័យ បានល្បួងជនរងគ្រោះ ដោះយកគ្រឿងអលង្ការ លុយ ទូរស័ព្ទ អស់ពីខ្លួនរលីង រួចហុយថង់ក្រហមឲ្យកាន់ នាំគ្នាចាកចេញទៅបាត់អស់ ចាំយូរពេក ដើរវិលត្រឡប់មកផ្សារត្រពាំងពោធិ បង្ហាញថង់មាសសួរគេ ទើបដឹងថា ខ្សែ.កកាឡៃ ស្រែកទ្រហោយំ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ តែនៅពេលសាកសួររឿងរ៉ាវ ទើបដឹងថា កើតឡើងនៅក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ខណៈនោះ ជនរងគ្រោះ ត្រូវបានអ្នកសារព័ត៌មាន ជួយឌុបជូន ទៅប៉ុស្តិ៍សំរោងក្រោម ដើម្បីដាក់ពាក្យបណ្តឹង៕
មតិយោបល់