ភ្នំពេញៈ ស្ត្រីម្នាក់រងរបួសធ្ងន់ បែកមុខ ដាច់ម្រាមដៃអស់២ ហើយសន្លប់វង្វេងបាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តចំនួន៣គ្រឿង បើកច្រាស់ទិសគ្នាទាំងអស់ ជ្រុលបុកទល់មុខគ្នា រុញផ្ទប់ម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ច្រកចូលក្រុមហ៊ុនផែស្ងួតអូរលែ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ តាំង សុគន្ធា អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកមុខ ដាច់ម្រាមដៃខាងឆ្វេងអស់២ ជាភាគីខាងម៉ូតូ សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយឃ្លប់ ដឹកទឹកសុទ្ធ ទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5982 បានធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1416 ដែលបើកឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ហើយរថយន្តស្តារិច បានបុកម៉ូតូរបស់ស្ត្រីរងគ្រោះ ដែលបើកឆ្លងផ្លូវពីត្បូងទៅជើង រុញផ្ទប់ទៅនឹង រថយន្តដឹកសិស្ស ម៉ាកសាំយូង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3018 ដែលបើកបំណងឆ្លងផ្លូវពីត្បូងទៅជើង ស្របជាមួយម៉ូតូ។
ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ រថយន្តស្តារិចបែកកង់ឆ្វេង ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូ ឌុបយកទៅពេទ្យ ដោយខ្លួនឯង ។ ចំណែកមធ្យោបាយចំនួន៤គ្រឿង មានរថយន្តចំនួន៣គ្រឿង ម៉ូតូមួយគ្រឿង នគរបាលជំនាញ វាស់វែងរួច ប្រមូលយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់